កាលពីថ្ងៃទី ២៦ ខែ កុម្ភះ ឆ្នាំ ២០២០ ម្សិលមិញនេះ ក្រុមកីឡាករ រួមទាំងគ្រូបង្វឹក និងបុគ្គលិកទាំងអស់របស់ក្លិបអង្គរថាយហ្គឺរបានធ្វើការតេស្តរកសារធាតុញៀនក្នុងខ្លួន ដើម្បីជាការបង្ហាញពីភាពស្អាតស្អំរបស់ខ្លួនក្នុងវិស័យកីឡា និងក៏ដូចជាគំរូមួយទៅកាន់អ្នករាល់គ្នាក្នុងវិស័យមួយនេះ។ ថ្លែងជុំវិញបញ្ហានេះ គ្រូបង្វឹកអង្គរថាយហ្គឺរលោក Oriol Segura បានលើកឡើងថា «អាចនិយាយបានថាក្លិបរបស់យើងជាអ្នកត្រួសត្រាយផ្លូវ លើគំនិតនៃការតេស្តសារធាតុញៀន។ វាក៏ជាវិធីមួយដើម្បីបង្ហាញដល់ប្រជាជនកម្ពុជាថាយើងកំពុងធ្វើតាមគោលការណ៍ Fair Play ក្នុងវិស័យបាល់ទាត់ បូករួមទាំងការបំផុសទឹកចិត្តមនុស្សឲ្យមានទម្លាប់ល្អ»។

លោកបានសង្កត់ធ្ងន់ថា «និយាយដោយស្មោះត្រង់ក្នុងនាមជាគ្រូបង្វឹក ខ្ញុំសង្ឃឹមថាការត្រួតពិនិត្យប្រភេទនេះក្លាយជាចំណុចសំខាន់ពីគណៈកម្មាធិការ ហើយជាលីគដែលកាន់តែរីកចម្រើនមួយត្រូវបង្កើតការធ្វើតេស្តនេះទៅកាន់កីឡាករនៅលីគ[កំពូលកម្ពុជា]»។

«ទោះបីនេះជាគំនិតដ៏ល្អមួយ ប៉ុន្តែខ្ញុំគិតថាវាគឺជាសកម្មភាពមួយដែលនៅតែស្ថិតក្នុងដំណើរការដែលត្រូវធ្វើឲ្យរួចរាល់ ហើយវាជាវិធីមួយដើម្បីពិនិត្យមើលពីភាពជឿជាក់នៃការធ្វើតេស្ត។ បន្តិចម្ដងៗ យើងក៏បានជួយដល់ប្រព័ន្ធសុខាភិបាលឲ្យវិធីសាស្រ្តក៏ដូចជាការពិនិត្យវិភាគរបស់ពួកគេកាន់តែប្រសើរឡើងផងដែរ»។ លោក Oriol បានបន្តដូច្នេះ។

 

ត្បិតនេះគឺជាជំហានដ៏តូចមួយដែលក្លិបអង្គរថាយហ្គឺរកំពុងតែធ្វើ តែវាបានរួមចំណែកធ្វើអោយកីឡាករបាល់ទាត់នៅប្រទេសកម្ពុជាកាន់តែមានភាពសុក្រឹត យុត្តិធម៌ និងមានភាពស្រស់បំព្រង ដែលបណ្ដាអ្នកគាំទ្រទូទាំងប្រទេសចង់ឃើញ និងចង់បាន។

អត្ថបទ៖ ស៊ុន រក្សា

Please give it a thumbs up

Get the latest information