នុន ណាត គឺជាកីឡាករយុវជនទីពីរដែលត្រូវបានក្លិបអង្គរថាយហ្គឺរតម្លេីងមកពីឈុត U-18 ទៅកាន់ក្រុមឈុតធំនៅរដូវកាល ២០២០ នេះ ដោយលេងក្នុងតំណែងជាអ្នកចាំទី។ កីឡាករវ័យ ១៩ រូបនេះ ថ្វីបេីមិនទាន់បានបង្ហាញថ្វីដៃរបស់ខ្លួនក្នុងការប្រកួតផ្លូវការណាមួយក្ដី ប៉ុន្តែក្នុងការប្រកួតមិត្តភាពមុនបេីករដូវកាល រូបគេទទួលបានចំនួននាទីលេងច្រេីនគួរសមផងដែរ។
មួយរយៈធំនៃការមកចូលរួមជាមួយក្រុមរាមច្បងឈុតធំអង្គរថាយហ្គឺរ អតីតកីឡាករជម្រេីសខេត្តសៀមរាបរូបនេះបានរៀបរាប់អំពីភាពខុសប្លែក និងបទពិសោធន៍ថ្មីមួយក្នុងជីវិតដែលខ្លួនមិនធ្លាប់មាន ទាក់ទងនឹងរបៀបនៃការហ្វឹកហាត់និងវិន័យផ្សេងៗរបស់ក្រុម ដោយបានលេីកឡេីងថា “ចាប់តាំងពីថ្ងៃមកដល់ដំបូង ខ្ញំុសង្កេតឃេីញក្រុមតែងតែមានការហ្វឹកហាត់ខ្លាំង ដែលខ្ញំុត្រូវរៀនសម្របតាម ហេីយខ្ញំុអាចធ្វេីអ្វីៗបានតាមតម្រូវការនៃការហ្វឹកហាត់។ បេីប្រៀបនឹងពីមុនគឺខុសគ្នាឆ្ងាយ ដោយសារពីមុនខ្ញំុមិនសូវបានហ្វឹកហាត់ទៀតទាត់ ប៉ុន្តែនៅក្រុមធំគឺវិន័យច្បាស់លាស់។ នៅទីនេះក្រុមគ្រូបង្វឹកនិងមិត្តរួមក្រុមតែងតែជម្រុញលេីកទឹកចិត្តជានិច្ច”។
បន្តពីការរៀបរាប់ខាងលេីនេះ នុន ណាត ក៏បានលេីកអំពីស្ថានភាពកៅអីជម្រេីសដំបូងផងដែរដោយបានថ្លែងថា “ចំពោះការជាប់ ១១នាក់ដំបូង ខ្ញំុគិតថា ខ្ញំុមិនទាន់អាចប្រជែងយកវាបានឡេីងក្នុងពេលបច្ចុប្បន្ននេះ ប៉ុន្តែទោះជាអញ្ចឹងក៏ដោយ ក៏ខ្ញំុនៅតែខិតខំប្រឹងប្រែងហាត់ ដេីម្បីឲ្យគ្រូបានឃេីញពីសម្ថភាពរបស់ខ្ញំុ ព្រោះតាំងពីចាប់ផ្ដេីមដំបូងមក ខ្ញំុតែងតែប្រាប់ខ្លួនឯងថាឲ្យព្យាយាម ទោះជាលទ្ធផលយ៉ាងណាក៏ដោយក៏ខ្ញំុមិនបោះបង់វាចោលដែរ”។ ណាត បានបន្តដូច្នេះ។
ទាំងនេះគឺជាការលេីកឡេីងរបស់កីឡាករវ័យក្មេង នុន ណាត ដែលបង្ហាញពីការបេ្តជ្ញាចិត្តយ៉ាងមុះមុតចំពោះតួនាទីរបស់ខ្លួន។
អត្ថបទ៖ ស៊ុន រក្សា
RECOMMEND
Please give it a thumbs up
Get the latest information