កីឡាករ ជឿន ពិសិដ្ឋ បានធ្វើដំណើរទៅដល់ទីក្រុងហូជីមិញ ប្រទេសវៀតណាម ហើយកាលពីម្សិលមិញនេះ ដើម្បីពិគ្រោះ និងពិនិត្យមើល ជម្ងឺរលាក ត្រចៀករបស់ខ្លួន បន្ទាប់ពីបរាជ័យក្នុងការវះកាត់លើកទី១។ បន្ទាប់ពីបានពិនិត្យជាមួយគ្រូពេទ្យជំនាញរបស់មន្ទីរពេទ្យ VAN HANH រួចមក គ្រូពេទ្យ បានសម្រេចវះកាត់ត្រចៀកជាលើកទី២ ដោយសារតែពិនិត្យឃើញថានៅតែមានមេរោគនៅក្នុងត្រចៀកនៅឡើយ។

កីឡាករ ជឿន ពិសិដ្ឋ បានរៀបរាប់ថា កាលពី៤ខែមុនបន្ទាប់ពីលីគកំពូលកម្ពុជាបានបញ្ចប់ ខ្លួនមានអាការះឈឺចុកចាប់ផ្នែកក្បាល​ជាខ្លាំង   បន្ទាប់ ពីបានពិភាក្សាជាមួយក្រុមគ្រួសាររួចមក ខ្លួនក៏បានមកពិនិត្យ និងបានទទួលការវះកាត់ នៅមន្ទីរពេទ្យ អង្គឌួង បន្ទាប់ពីក្រុម​   គ្រូពេទ្យបាន រកឃើញថាមានឆ្អឹងខាងក្រោយត្រចៀកមានការរលាក និងមានដំបៅជាច្រើន ហើយបានដំបៅនោះបានស៊ីដល់ឆ្អឹងត្រចៀកបន្តទៀតផង ។​ បន្ទាប់ពីវះកាត់រួច ១សប្តាហ៏ អាការ:របស់ខ្លួនហាក់ពុំទាន់ធូរស្រាលនៅឡើយ ប៉ុន្តែខ្លួនបានព្យាយាមលេបថ្នាំ និងបានមកជួបពេទ្យដើម្បី ពិនិត្យមើល ជារៀងរាល់ការណាត់របស់គ្រូពេទ្យ។ ពិសិដ្ឋ បានបញ្ជាក់ទៀតថា ៣ខែកន្លងផុតទៅដោយសារតែ អាការ:របស់ខ្លួនហាក់ពុំទាន់ធូរស្រាល នៅតែឈឺក្បាល និងត្រចៀក និងខ្លួនចង់អោយឆាប់ជាដើម្បីត្រលប់ចូលរួមហ្វឹកហាត់ជាមួយមិត្តរួមក្រុមវិញ ទើបសម្រេចចិត្ត ទៅពិនិត្យជម្ងឺ នៅគ្លីនិកឯកជនវិញម្តង។ គ្រូពេទ្យបានរកឃើញ ការវះកាត់លើកទី១ពុំបានជោគជ័យនោះទេ ដោយសារតែកន្លែងដែលមានដំបៅ និងរលាកនៅ មានដដែល ពុំទាន់ជា សះស្បើយ នៅឡើយទេ។​ គ្រូពេទ្យ បានអោយយោបល់ថា ប្រសិនបើមានលទ្ធភាពគួរតែទៅរកទទួលការវះកាត់នៅក្រៅប្រទេសទៅ ព្រោះជម្ងឺកាន់ តែវិវត្តន៏ទៅ មុខ ហើយ បើយឺតពេលនោះអាចមេរោគចូលស៊ី និងរាលដាលកាន់តែច្រើនឡើងច្រើនឡើង បន្ទាប់ពីបានពិភាក្សាជាមួយក្រុមគ្រួសារម្តងទៀតរួច ពិសិដ្ឋ ក៏បានសមេ្រចចិត្តមកទទួលការវះកាត់ម្តងទៅនៅមន្ទីរពេទ្យ VAN HANH ប្រទេសវៀតណាម។ ការចំនាយលើការវះកាត់លើកទី២នេះ អស់ទឹកប្រាក់ ប្រមាណជាង ៨០០ដុល្លា ដោយពុំគិតពីថ្លៃធ្វើដំណើរ ហូបចុក និងថ្នាំពេទ្យនោះទេ។

ជម្ងីនេះបានកើតឡើងតាំងពី ពិសិដ្ឋ មានអាយុប្រមាណ១៥ ឆ្នាំមកម្ល៉េះ ដោយសារទឹកចូលក្នុងត្រចៀកតាំងពីក្មេង ដោយពុំដែលតាមដាន ឫថត  ឆ្លុះ មើលម្តងណានោះទេ ដោយគ្រាន់តែលេបថ្នាំ រួចក៏បាត់ឈឺវិញ រហូតដល់នៅពេលឆ្នាំ២០១៦ កាលពីលេងអោយ ក្លឹបបាល់ទាត់ ក្រសួងការពារជាតិ ធ្លាប់ឈឺម្តងទៀត តែផ្សំថ្នាំលេបទៅក៏បាត់ឈឺវិញ ប៉ុន្តែទើបចុងឆ្នាំ២០១៨នេះ ជម្ងឺនេះបានកើតឡើងវិញទៀត រួចក៏ឈានដល់ការវះកាត់នេះ។

គួរបញ្ជាក់ថាកីឡាករ​ ជឿន ពិសិដ្ឋ ធ្លាប់រួមរស់នៅជាមួយក្លឹបបាល់ទាត់ អង្គរថាយហ្គឺរ កាលពីឆ្នាំ២០១៧ ដែលបានផ្ទេរពី ក្លឹបបាល់ទាត់ ក្រសួងការពារ រួមក៏ផ្លាស់បន្តទៅកាន់ក្លឹបបាល់ទាត់ សូលទីឡូលអង្គរ កាលពីឆ្នាំ២០១៨ និងបានត្រលប់មកក្លឹបបាល់ទាត់ អង្គរថាយហ្គឺរ វិញបន្ទាប់ពីលីគឆ្នាំ ២០១៨ បានបញ្ចប់។

អត្ថបទ៖ ណយ

Please give it a thumbs up

Get the latest information