កាលពីថ្ងៃទី០៤ ខែមិនា ឆ្នាំ២០១៩ ក្លឹបបាល់ទាត់ អង្គរថាយហ្គឺរ បានបើកការប្រជុំផ្លូវការសំរាប់រដូវកាលថ្មីឆ្នាំ ២០១៩ ជាមួយក្រុមកីឡាករ, គ្រូបង្វឹក និងបុគ្គលិកទាំងអស់ ស្តីអំពីបេសកកម្មរបស់ ក្លិបក្នុងឆ្នាំថ្មី ២០១៩ និងការបង្ហាញឯកសណ្ឋានថ្មីជាផ្លូវការ ដែលធ្វើឡើងនៅសណ្ឋាគារ SOKHA។

ជារៀងរាល់ឆ្នាំ មុនពានរង្វាន់មិត្តហ្វូនខេមបូឌានលីគចូលមកដល់ ក្លឹបទាំងតែមានការប្រជុំធំមួយដែលមានរបៀបវារ:សំខាន់ៗ និងចូលរួមផ្ទាល់ពី ប្រធានក្លឹបលោក Akihiro Kato ហើយរបៀបវារ:សំខាន់ៗក្នុងការប្រជុំឆ្នាំនេះមានដូចជា ការស្គាល់ពីគ្នាទៅវិញទៅមកអោយបានច្បាស់ ការចែករំលែក ពីបេសកកម្មរបស់ក្លឹប ទស្សនះវិស័យរបស់បុគ្គលិកប្រតិបត្តិ និងជាចុងក្រោយការបង្ហាញឯកសណ្ឋានថ្មីជាផ្លូវការ។

ប្រធានក្លឹបលោក Akihiro Kato បានបញ្ចាក់ថាការស្គាល់ពីគ្នាទៅវិញទៅមកអោយបានច្បាស់ គឺជារឿងដល់សំខាន់មួយដែលកីឡាករ និងបុគ្គលិករបស់ អង្គរថាយហ្គឺរត្រូវយល់ និងដឹងពីគ្នាទៅវិញទៅមក។ លោកបាននិយាយថា “ពួកយើងដូចជាក្រុមគ្រួសារតែមួយ ទោះមានរឿងអ្វីកើតឡើងក៏ដោយត្រូវចេះ ស្រលាញ់គ្នាទៅវិញទៅមក និងហ៊ាននិយាយ បើនរណាម្នាក់មានចំណុចខ្វះខាតក្នុងន័យស្ថាបនា មិនមែនក្នុងន័យគុំគួន ឫស្អប់ខ្ពើមគ្នាឡើយ”។ ក្នុងនាម ជាក្រុមគ្រួសារបាល់ទាត់អង្គរថាយហ្គឺរ ត្រូវប្រកាន់ខ្ជាប់នូវតម្លៃរបស់ក្លឹបទាំង៥ គឺ ភាពរឹងមាំ, សេចក្តីទៀងត្រង់, ការអភិវឌ្ឍន៏, ភាពសប្បាយរីករាយ និង ការគោរព។ សំរាប់បេសកកម្មរបស់ក្លឹបគឺ ផ្តល់ក្តីស្រម៉ៃ និងក្តីសង្ឃឹម និងភាពក្លាហានដល់ប្រជាជនកម្ពុជា។ ក្លឹប នឹងបន្តខិតខំព្យាយាមតាមរយះវិស័យ បាល់ទាត់ ដើម្បីផ្តល់ក្តីសង្ឃឹម ដល់កុមារ និងយុវជនកម្ពុជា ដែលមានក្តីស្រម៉ៃចង់ក្លាយខ្លួនទៅជាកីឡាករអាជីពនៅថ្ងៃអនាគត។ កន្លងមកអ្វីដែលពួក យើងបានធ្វើមានដូចជា Football Clinic និងកម្មវិធី 1C1Bដែលបានធ្វើការបង្ហាត់បង្រៀនពីមូលដ្ឋានគ្រឹះនៃបាល់ទាត់ និងចែកបាល់តាមសាលារៀន ក្នុងខេត្តសៀមរាប បាត់ដំបង និង តំបន់ដាច់ស្រយោលជាច្រើនទៀត។

សំរាប់រដូវកាលថ្មី២០១៩ ដែលនឹងចាប់ផ្តើមនៅពាក់កណ្តាលខែ៣នេះ បុគ្គលិកប្រតិបត្តិការរបស់ក្លឹបបានដាក់គោលដៅអោយក្លាយ ជាក្លឹបដែលមាន ចំនួនអ្នកគាំទ្រ និងអ្នកចូលទស្សនាច្រើនជាងគេក្នុងប្រទេសកម្ពុជា ជាលើកទី២ បន្ទាប់ពីក្លឹប អង្គរថាយហ្គឺរបានក្លាយជាក្លឹបដែលមានចំនួនអ្នកគាំទ្រ និងអ្នកចូលទស្សនាច្រើនជាងគេក្នុងប្រទេសកម្ពុជា កាលពីឆ្នាំ២០១៨ ពីព្រោះដើម្បីបង្កើតបរិយាកាសមួយដែលធ្វើអោយកីឡាករអាច បញ្ចេញសមត្ថភាព ដល់កម្រិតកំពូលបាន និងជាពិសេសនៅពេលដែលអាចទាក់ទាញអ្នកគាំទ្របានច្រើន វាអាចជួយដល់កីឡាករអោយមានកំលាំងទឹកចិត្ត ក្នុងការប្រកួត រហូតដល់នាទីចុងក្រោយ។ សំរាប់ការប្រកួតក្នុងដីដំបូងឆ្នាំ២០១៩នេះ ក្លឹប នឹងខិតខំធ្វើយ៉ាងណាអោយមានអ្នកមានអ្នកគាំទ្រចូលរួមទស្សនាអោយបាន ចំនួន ៥០០០នាក់ សំរាប់ការប្រកួតដំបូងជាមួយបឹងកេតនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៩ ខាងមុននេះ។​  ចុងកម្មវិធី គឺជាការបង្ហាញឯកសណ្ឋានក្នុងទឹកដី និងក្រៅទឹកដីថ្មីរបស់ក្លឹបបាល់ទាត់ អង្គរថាយហ្គឺរ រដូវកាល២០១៩។

គួរបញ្ជាក់ថាពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ នឹងចាប់ផ្តើមនៅថ្ងៃទី១៦ ខែមិនា ខាងមុននេះ ដែលក្លឹប អង្គរថាយហ្គឺរ នឹងត្រូវជួបប្រកួតជាមួយក្លឹប ក្រសួងការពារជាតិ នៅក្រៅដីនៅថ្ងៃ១៧​ ខែមិនា នៅវេលាម៉ោង ១៨:០០ នៅកីឡដ្ឋានស្តាតចាស់។

 

អត្ថបទ៖ ណយ

 

 

 

Please give it a thumbs up

Get the latest information