កាលពីថ្ងៃសៅរ៏ សប្តាហ៏មុន លោកប្រធានក្លឹប Akihiro Kato រួមទាំងក្រុមការងារអង្គរថាយហ្គឺរ ប្រធានក្រុមអ្នកគាំទ្រ Tiger Army និងកីឡាករ Kazuki Uwai ដែលជាជម្រើសជាតិបាល់ទាត់ក្នុងសាលគថ្លង់ជប៉ុន បានទៅសួរសុខទុក្ខកុមារគថ្លង់ នៅអង្គការគ្រួសារថ្មី ក្នុងខេត្តសៀមរាប។ អង្គការគ្រួសារថ្មី មានកុមារគថ្លង់ប្រមាណជាង ៧០នាក់ ដែលមកពីគ្រួសារក្រីក្រ និងកំពុងតែស្នាក់នៅដើម្បីទទួលបានសិក្សារៀនសូត្រ។ គោលបំណងសំខាន់ៗពីរក្នុងកម្មវិធីនេះគឺ ដោយសារតែបុគ្គលិក និងសិស្សានុសិស្សរបស់អង្គការគ្រួសារថ្មីដែលជាអ្នកគថ្លង់ ជាសមាជិកអ្នកគាំទ្រ ក្លឹបអង្គរថាយហ្គឺរ ពួកគេតែងតែមកគាំទ្រគ្រប់ការប្រកួត ទាំងនៅក្នុងទឹកដីខេត្តសៀមរាប ទាំងក្រៅដីនៅរាជធានីភ្នំពេញ។ ដោយមើលឃើញថា ពិបាកក្នុងការទំនាក់ទំនងរវាងពួកគាត់ ជាមួយក្រុមការងារ និងសមាជិកអ្នកគាំទ្រក្លឹបអង្គរថាយហ្គឺរដទៃទៀត ទើបខាងក្លឹបធ្វើការ ស្នើរសុំអោយ ខាង អង្គការគ្រួសារថ្មី ជួយបង្ហាត់បង្រៀនភាសាគថ្លង់ដល់ក្រុមការងារ និងសមាជិកអ្នកគាំទ្រ ដើម្បីស្គាល់ពីសញ្ញាខ្លះៗនៃភាសាគថ្លង់ ដើម្បីមាន ភាពងាយស្រួលក្នុងការទំនាក់ទំនងគ្នាទៅវិញទៅមក។
ជាពិសេស មានការចូលរួមពីសំណាក់ កីឡាករជម្រើសជាតិបាល់ទាត់ក្នុងសាលគថ្លង់ជប៉ុន គឺកីឡាករ Kazuki Uwai និងបានធ្វើការបង្ហាត់បង្ហាញ ពីរបៀបកម្តៅសាច់ដុំខ្លះៗដល់កុមារគរថ្លង់ និងលេងបាល់ជាមួយគ្នាយ៉ាងសប្បាយរីករាយ។ កុមារគថ្លង់ទាំងអស់សប្បាយចិត្តយ៉ាងខ្លាំង ដែលក្រុម ការងារអង្គរថាយហ្គឺរ បានចុះមកសួរសុខទុក្ខដល់ពួកគេដល់អង្គការ និងបានលេងបាល់ទាត់ជាមួយគ្នាយ៉ាងសប្បាយរីករាយ។
ក្រោយពីបញ្ចប់កម្មវិធីនេះ កីឡាករ Kazuki Uwai មានចំណាប់អារម្មណ៏ថា គាត់ពិតជាសប្បាយរីករាយយ៉ាងខ្លាំង ដោយឃើញការសប្បាយរបស់កុមារ គថ្លង់ទាំងអស់ចេញពីចិត្ត និងបាននឹកឃើញកាលពីគាត់នៅតូច។ គាត់បានយល់ឃើញ ថាកុមារគថ្លង់ទាំងអស់ អាចក្លាយជាកីឡាករបាល់ទាត់ អាជីពបាន បើសិនជាពួកគាត់មានក្តីស្រម៉ៃ និងការខិតខំប្រឹងប្រែង ពីព្រោះគាត់បានមើលឃើញនៅពេលគាត់បានលេងជាមួយកុមារគថ្លង់ ទាំងអស់ ពួកគេពិតជាសប្បាយរីករាយចេញពីចិត្តមែនទែន។ ទឹកចិត្តពិតជាសំខាន់ បើសិនជាគាត់មានបំណង ឬស្រលាញ់អ្វីមួយ ហើយពួកគាត់ ធ្វើវាជារៀងរាល់ថ្ងៃ នោះក្តីស្រម៉ៃរបស់គាត់នឹងក្លាយទៅជាការពិត។ សម្រាប់គាត់មុនក្លាយជាកីឡាករជម្រើសជាតិបាល់ទាត់ក្នុងសាលគថ្លង់ជប៉ុន ពិតជាជួបឧបសគ្គជាច្រើន ជាក់ស្តែកនៅពេលដែលគាត់រៀននៅសកលវិទ្យាល័យត្រចៀករបស់គាត់បានស្តាប់លែងលឺ ហើយពិតជាពិបាកក្នុង ការទំនាក់ទំនងជាមួយអ្នកដទៃ ពេលនោះហើយគាត់ពិតជាបាក់ទឹកចិត្តមែនទែន ហើយមានអារម្មណ៏ថាស្អប់ខ្លួនឯងខ្លាំង។ ប៉ុន្តែដោយសារ តែគាត់ចង់ធ្វើអ្វីមួយ ដើម្បីកុំអោយខ្លួនឯងអស់សង្ឃឹម គាត់ក៏បានបង្កើតក្តីស្រម៉ៃដើម្បីខ្លួនឯង គឺចង់ក្លាយកីឡាករបាល់ទាត់អាជីព បន្ទាប់មក គាត់តែងតែព្យាយាមហ្វឹកហាត់បាល់ទាត់ជារៀងរាល់ថ្ងៃ រហូតដល់ក្លាយជាកីឡាករជម្រើសជាតិដល់សព្វថ្ងៃ។ កីឡាករ Kazuki Uwai បានផ្ញើរសារ ចុងក្រោយថា ពេលដែលយើងក្លាយជាមនុស្សពិការ មនុស្សយើងម្នាក់ៗតែងតែអស់សង្ឃឹម ប៉ុន្តែនៅពេលដែលយើងអស់សង្ឃឹម យើងគួរតែ សាកល្បងលេងកីឡា ពីព្រោះកីឡាជួយយើងអោយបំភ្លេចទុក្ខសោកទាំំងប៉ុន្មានអោយអស់បាន ហើយត្រូវចាំថាមានមនុស្សជុំវិញយើងរង់ចាំ ជួយយើងគ្រប់ពេលវេលា នៅពេលដែលយើងជួបបញ្ហាផ្សេងៗ។
អត្ថបទ៖ ណយ
RECOMMEND
Please give it a thumbs up
Get the latest information