នៅមុនបើករដូវកាលថ្មីក្នុងឆ្នាំ ២០២០ ក្លិបបាល់ទាត់ អង្គរថាយហ្គឺរ នឹងមានការប្រកួតពានរង្វាន់មិត្តភាពមួយនៅក្នុងទឹកដីកីឡដ្ឋាន Siem Reap United គឺពានរង្វាន់ Siem Reap Super Asia Cup 2020។ កាលពីថ្ងៃទី១០ ខែមករាកន្លងទៅគណៈកម្មការរៀបចំការប្រកួតបានធ្វើការចាប់ឆ្នោត ដែលក្រុម Angkor Tiger FC និងត្រូវប៉ះជាមួយ PJ City FC ដើម្បីឡើងទៅវគ្គផ្ដាច់ព្រ័ត្រ។
ជុំវិញលទ្ធផលចាប់ឆ្នោត ដែលក្រុមខ្លាទឹកក្រូចនឹងត្រូវប្រកួតទល់នឹងក្រុមមកពីម៉ាឡេស៊ីនេះ ប្រធានក្រុមអង្គរថាយហ្គឺរកីឡាករ ពៅ ភារិទ្ធ បានលើកឡើងយ៉ាងដូច្នេះថា៖ «ចំពោះការប្រកួតមួយនេះ ខ្ញុំគិតថាយើងនឹងទទួលបានលទ្ធផលល្អ ព្រោះកាលប្រកួតមិត្តភាព Pre-Season កន្លងទៅ ពួកយើងបានដឹងពីកំហុសនិងចំណុចខ្វះខ្វាតរបស់ពួកយើង អញ្ចឹងពួកយើងបានព្យាយាមកែតម្រូវរាល់ចំណុចទាំងនោះ។ ពីមុនពួកយើងជួបបញ្ហាច្រើនដូចជាកីឡាករសំខាន់ៗមួយចំនួនបានរបួស តែឥឡូវពួកគាត់បានត្រឡប់មកវិញខ្លះៗហើយ ហើយបន្ថែមពីនេះក្លិបក៏បាននាំយកកីឡាករមកថ្មីៗមកចូលរួមផងដែរ»។
ឆ្លៀតក្នុងពេលនេះដែរកីឡាករដែលជំនាញស៊ុតបាល់ពីចម្ងាយរូបនេះក៏មានសារខ្លះៗជូនទៅដល់អ្នកគាំទ្រទាំងអស់៖ «ខ្ញុំសង្ឃឹមថាការប្រកួតនៅថ្ងៃទី ២៣ នេះ នឹងមានវត្តមានបងប្អូនអញ្ជើញចូលរួមទស្សនាច្រើនកុះករដើម្បីលើកទឹកចិត្តដល់កីឡាករ។ ខ្ញុំជឿជាក់ថាការប្រកួតមួយនេះនឹងល្អមើលខ្លាំង ព្រោះក្រុមទាំងសងខាងសុទ្ធតែមានការរៀបចំខ្លួនបានល្អ»។ គួររំលឹកផងដែរថា ការប្រកួតរវាង អង្គរថាយហ្គឺរ ទល់នឹង PJ City នឹងធ្វើឡើងនៅថ្ងៃទី ២៣ ខែ មករា វេលាម៉ោង ៤:០០នាទីរសៀល នៅកីឡដ្ឋាន SRU។
អត្ថបទ៖ ស៊ុន រក្សា
RECOMMEND
Please give it a thumbs up
Get the latest information