ក្នុងរដូវកាល ២០២០ កីឡាករ មុត សត្យា បានផ្លាស់ពីក្លិប Tiffy Army FC មកចូលរួមជាមួយក្រុមអង្គរថាយហ្គឺរ ដែលនេះគឺជាជំហានថ្មីមួយរបស់គេក្នុងអាជីពកីឡាបាល់ទាត់។ ឆ្លងកាត់ការប្រកួតជាច្រើនកន្លងមក កីឡាករលេងតំណែងខ្សែការពារស្លាបឆ្វេងរូបនេះបានទទួលការសរសើរពីសំណាក់អ្នកគាំទ្រអំពីភាពរីកចម្រើននៃទម្រង់លេងរបស់ខ្លួន។
ជាមួយគ្នានេះផងដែរ សត្យា ក៏បាននិយាយអំពីំមូលហេតុដែលជម្រុញឲ្យខ្លួនមានការវិវត្តន៍យ៉ាងឆាប់រហ័ស ថ្វីបើទើបតែផ្លាស់មកលេងនៅអង្គរថាយហ្គឺរយ៉ាងណាក្ដី ដោយបានលើកឡើងថា៖ «កត្តាដែលធ្វើឲ្យខ្ញុំមានការរីកចម្រើនបានលឿនគឺដោយការការទុកចិត្តពីគ្រូបង្វឹកដែលបានដាក់ខ្ញុំឲ្យលេងរាល់ការប្រកួតទាំងអស់កាលប្រកួត Pre-Season កន្លងទៅ ហើយវាបានធ្វើឲ្យខ្ញុំសម្របខ្លួនជាមួយមិត្តរួមក្រុមដទៃទៀតបានល្អនិងយល់ចិត្តគ្នា»។
«ទំនាក់ទំនងរវាងខ្ញុំនិងមិត្តរួមក្រុមនិងក្រុមគ្រូបង្វឹកគឺល្អ ហើយពេលហ្វឹកហាត់ពួកគាត់តែងតែជួយជ្រោមជ្រែងលើកទឹកចិត្តនិងណែនាំខ្ញុំជានិច្ច ដែលធ្វើឲ្យខ្ញុំយល់និងអាចបត់បែនគ្រប់របៀបឬទម្រង់លេងរបស់គ្រូ» សត្យាថ្លែងដូច្នេះ។
ចំពោះរដូវកាលដំបូងជាមួយក្រុមខ្លាទឹកក្រូច កីឡាករវ័យ ២១ឆ្នាំរូបនេះក៏បានបង្ហើបអំពីមហិច្ឆតារបស់ខ្លួនដោយបន្តថា «គោលដៅធំនៅក្នុងឆ្នាំនេះគឺចង់បំបែកកំណត់ត្រាជាថ្មីដោយឈ្នះពាន [អ្នកគាំទ្រច្រើនបំផុត] និងជាពីសេសគឺឈ្នះពានរង្វាន់លីគកំពូលកម្ពុជា»។ ទាំងនេះគឺជាការលើឡើងទាំងស្រុងរបស់កីឡាករ មុត សត្យា ថ្លែងប្រាប់ក្រុមប្រព័ន្ធផ្សព្វផ្សាយរបស់ក្លិប។
អត្ថបទ៖ ស៊ុន រក្សា
RECOMMEND
Please give it a thumbs up
Get the latest information