ការប្រកួតលីគកំពូលកម្ពុជាឆ្នាំ ២០២០ និងត្រឡប់មកវិញនៅថ្ងៃទី ៥ ខែ កក្កដា ខាងមុខនេះ ក្រោយពីត្រូវបានផ្អាកជាបណ្ដោះអាសន្នអស់មួយរយៈពេលធំដោយសារការរីករាលដាលនៃជម្ងឺ កូវីដ១៩។ ប៉ុន្តែទោះជាយ៉ាងនេះក្ដី ការប្រកួតទាំងអស់នឹងត្រូវលេងដោយបិទទ្វារ​ យោងតាមសេចក្ដីប្រកាសរបស់ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC)។

ដោយឡែក បន្ទាប់ពីការវិលមកវិញនៃលីគកំពូល អង្គរថាយហ្គឺរនិងត្រូវប្រកួតជាមួយក្រុមបាល់ទាត់ អគ្គិសនីកម្ពុជា ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ៥ ខែ កក្កដា ឆ្នាំ ២០២០​។ មុនការប្រកួត MCL សប្ដាហ៍ទី ៦  គ្រូបង្វឹកក្រុមខ្លាទឹកក្រូចលោក Oriol Segura បានធ្វើកិច្ចសម្ភាសន៍ជាមួយក្រុមប្រព័ន្ធផ្សព្វផ្សាយរបស់ក្លិប និងបានរៀបរាប់អំពីការប្រកួតនាពេលខាងមុខយ៉ាងដូច្នេះ៖

ចំណាប់អារម្មណ៍

«ការជំរុញទឹកចិត្តដ៏ធំបំផុតក្នុងនាមជាកីឡាករបាល់ទាត់អាជីព គឺត្រូវការការប្រកួតប្រជែង ដែលវាគឺជារឿងសំខាន់បំផុតក្នុងជីវិត។ អ្វីដែលប៉ះប៉ាល់បំផុត និងធ្វើ៊ឲ្យយើងស្ថិតក្នុងបញ្ហានោះគឺមិនបានប្រកួតប្រជែង។ នៅពេលការប្រកួតមកដល់ អារម្មណ៍របស់ពួកយើងក៏ត្រឡប់មកវិញដូចគ្នា។ ត្រូវចាំថានោះគឺជាតួនាទីរបស់ពួកយើង ដូច្នេះយើងត្រូវតែលេង។»

ការហ្វឹកហាត់ និងស្ថានភាពក្រុម

«ទម្លាប់ដែលពួកយើងធ្វើនៅរៀងរាល់សប្ដាហ៍ គឺចំណាយពេលវេលាទាំងអស់ផ្ដោតលើថ្ងៃប្រកួត គឺផ្ដោតលើការបង្កើតឪកាសដើម្បីឲ្យការប្រកួតមានភាពល្អឥតខ្ចោះ។»

អ្វីដែលបានមើលឃើញពីកីឡាករ

«ខ្ញុំបានឃើញពីមហិច្ចតា ការធ្វើរឿងល្អៗ និងការខិតខំប្រឹងប្រែងរបស់កីឡាករម្នាក់ៗ ដើម្បីជុំរុញទឹកចិត្តខ្លួនឯងមកវិញក្រោយពីជួបប្រទះនឹងរឿងអាក្រក់កាលពីមួយរយៈពេលមុន។»

ការយល់ឃើញចំពោះការលេងដោយបិទទ្វារ

«ការលេងដោយបិទទ្វារកីឡដ្ឋានគឺជា Challenge ថ្មីមួយបន្ថែមទៀតដែលត្រូវទទួលយក។ ជាការនឹករលឹកដ៏ខ្លាំងមួយដែលមិនមានអ្នកគាំទ្រមកស្រែកហ៊ោលើកទឹកចិត្តការប្រកួតរបស់ពួកយើង។ ប្រាកដណាស់ អ្នកគាំទ្រគឺជាផ្នែកមួយនៃការប្រកួត។ អ្នកគាំទ្រតិច ឬច្រើនសុទ្ធតែបង្កបរិយាកាសខុសគ្នា។ ការប្រកួតគឺលេងនៅក្នុងកីឡដ្ឋាន ដែលជាកន្លែងសម្រាប់មនុស្សចូលទស្សនា ហើយឥឡូវអ្នកគាំទ្រទាំងអស់មិនអនុញ្ញាតឲ្យមកចូលរួម។​ តែយ៉ាងណាក៏ដោយ យើងទទួលយកបញ្ហាប្រឈមមួយនេះ ព្រោះវាគឺបណ្ដោះអាសន្នសិនតែប៉ុណ្ណោះ ហើយឆាប់ៗខាងមុខ យើងនឹងលេងដោយមានអ្នកគាំទ្រជាថ្មីម្ដងទៀត។»

 

អត្ថបទ៖ ស៊ុន រក្សា

Please give it a thumbs up

Get the latest information