មិត្តហ្វូន ខេមបូឌាន លីគ សប្ដាហ៍ទីប្រាំបួន របស់ក្រុមអង្គរថាយហ្គឺរបានបញ្ចប់ទៅដោយលទ្ធផលបរាជ័យទល់នឹងក្រុម ព្រះខ័នរាជស្វាយរៀង ២ ទល់នឹង សូន្យ នៅក្នុងទឹកដីកីឡដ្ឋានខេត្តស្វាយរៀង ដោយរបូតគ្រាប់បាល់ទាំងពីរលើកនៅកៀកនាទីបញ្ចប់នៃការប្រកួត។ ដោយឡែកសម្រាប់ប្រធានក្រុមគឺកីឡាករ Yudai Ogawa បានលើកសរសេីរពីការខិតខំប្រឹងប្រែងរបស់ក្រុមទាំងមូលទោះលទ្ធផលមិនសមប្រកបយ៉ាងណាក្ដី
«យើងធ្វើបានល្អបំផុតហើយនៅថ្ងៃនេះ គ្រប់គ្នាបានខិតខំប្រឹងប្រែងខ្លាំង។ និយាយដោយស្មោះត្រង់ទៅ នៅតង់ទីពីរ គឺពិតជាលំបាកសម្រាប់ពួកយើង។ យើងមកលេងនៅស្វាយរៀង ដែលជាការប្រកួតក្រៅដីដោយនៅលើឡានក្រុងចំនួន ១០ម៉ោង»
Yudai បន្តថា «យើងមិនអាចបន្ទោសនរណាម្នាក់ឡើយ យើងមិនអាចបន្ទោសបរិយាកាសជុំវិញ ព្រោះវាអ្វីដែលយើងត្រូវប្រឈម។»
កីឡាករពាក់ស្លាកលេខ ៨រូបនេះបានសង្កត់ធ្ងន់ថា «បើយើងមិនលេងនៅសៀមរាបទេ នោះអ្នកគាំទ្រមិនអាចមកតស៊ូផ្ដល់កម្លាំងជាមួយពួកយើងឡើយ អញ្ចឹងហើយយើងត្រូវមានការរៀបចំសម្រាប់ប្រកួតក្រោយឲ្យបានល្អនូវរាល់គ្រប់ចំណុចទាំងអស់។ នេះជាអ្វីដែលយើងអាចធ្វើបាន ហើយគ្មាននរណាម្នាក់គួរបន្ទោសនោះទេ គឺមានតែការខិតខំប្រឹងប្រែង កែប្រែធ្វើឲ្យល្អជារៀងរាល់ថ្ងៃ»។
គួរបន្ថែមផងដែរថា នៅសប្ដាហ៍ក្រោយ ក្រុមខ្លាទឹកក្រូចនឹងត្រូវសម្រាកដោយគ្មានការប្រកួត និងត្រឡប់មកទីលានសារជាថ្មីនៅថ្ងៃទី ០៨ ខែ សីហា ទល់នឹងក្រុមបាល់ទាត់ វិសាខា។
អត្ថបទដោយ៖ ស៊ុន រក្សា
RECOMMEND
Please give it a thumbs up
Get the latest information