ជំនួបជាមួយក្រុមបាល់ទាត់ វិសាខា ក្នុងលីគកំពូលសប្ដាហ៍ទី ១១​ នេះ និងធ្វើឡើងនៅថ្ងៃទី ៨ ខែ សីហា ក្នុងកីឡដ្ឋាន ព្រីនស៍។ មុនការប្រកួតដ៏ធំនេះមកដល់ គ្រូបង្វឹកលោក Oriol Segura បានធ្វើបទសម្ភាសជាមួយក្រុមប្រព័ន្ធផ្សព្វផ្សាយក្លិប និងបានលើកឡើងពីរឿងរ៉ាវមួយចំនួន។

អំពីក្រុមវិសាខា

វិសាខាគឺជាក្រុមដែលប្រកួតប្រជែងដ៏ខ្លាំងមួយក្នុងការឈ្នះពានលីគ។ ពួកគេរៀបចំខ្លួន និងពង្រីកខ្លួនដើម្បីក្លាយជាក្រុមដ៏ធំបំផុតមួយក្នុងប្រទេស និងក្នុងតំបន់អាស៊ាន។ ទម្រង់លេងចុងក្រោយរបស់ពួកគេគឺស្របតាមភាពពិតជាក់ស្ដែង ពួកគេឈ្នះការប្រកួតជាច្រើន ហើយពួកគេតែងតែលេងការប្រកួតធំៗដោយទាត់បញ្ចូលទីច្រើនគ្រាប់។ ខ្ញុំមានការគោរពចំពោះក្លិបនិងកីឡាករវិសាខា ដូចដែលខ្ញុំមានការគោរពទៅលើក្រុមដទៃទៀតនៅក្នុងលីគ។

ការត្រៀមខ្លួនរបស់ថាយហ្គឺរ

«ថាយហ្គឺរតែងតែប្រឹងប្រែងជានិច្ចដើម្បីឲ្យមានភាពរឹងម៉ាំ ហើយប្រើប្រាស់ជម្រើសរបស់ពួកយើងដើម្បីទៅឈ្នះការប្រកួត និងឈ្នះពាន។ កាយសម្បទារបស់ក្រុមទាំងមូលគឺមានការរីកចម្រើនបន្ទាប់ការរាតត្បាត [កូវីដ១៩] ចំណែកផ្នែកស្មារតីក្រុម គឺយើងកំពុងតែហ្វឹកហាត់អោយឈានដល់គោលដៅរបស់យើង»។

សារះសំខាន់នៃការប្រកួតនេះ
«ខ្ញុំផ្ដល់សារះសំខាន់ និងការលើកទឹកចិត្តខ្ពស់នៅក្នុងបាល់ទាត់ជារៀងរាល់ថ្ងៃនៃជីវិតរបស់ខ្ញុំ។ វានឹងជាការប្រកួតដ៏អស្ចារ្យមួយ។ ក្នុងនាមជាគ្រូបង្វឹក និងជាអ្នកគាំទ្រ នេះគឺជាកីឡា នេះគឺជាការប្រកួតប្រជែង វាតែងតែមានភាពសំខាន់នៅគ្រប់វិនាទីទាំងអស់នៃជីវិតរបស់ពួកយើង»។

លទ្ធភាពនៃការប្រជែង Top 6
«យើងកំពុងតែប្រឹងប្រែងធ្វើវា ហើយវានឹងមិនងាយស្រួលនោះទេ ព្រោះក្លិបធំៗដទៃទៀតក៏កំពុងតែធ្វើដូចយើងអញ្ចឹងដែរ។ ត្រង់ចំណុចនេះវាធ្វើឲ្យយើងបន្ថែមការផ្ដោតអារម្មណ៍កាន់តែខ្លាំងទៅលើជម្រើសរបស់ពួកយើង ហើយខ្ញុំគិតថាយើងមានឳកាស [នៅក្នុងតំបន់ Top 6]។ វាមិនដែលងាយស្រួលនោះទេ ហើយយើងនឹងធ្វើវាដោយការប្រឹងប្រែង គោរពវិន័យ និងការប្ដេជ្ញាចិត្តរួមគ្នា»។

អំពីការចាប់ឆ្នោត HSC ប៉ះព្រៃវែង
«ជាដំបូងខ្ញុំសូមអបអរសាទរដល់ខេត្តព្រៃវែងដែលបានឈ្នះពានរង្វាន់ ហ៊ុន សែន ខាប់ ថ្នាក់ខេត្ត។ យើងនឹងលេងទល់នឹងក្មេងៗក្នុងប្រទេសដែលមានទេពកោសល្យ (ប្រាកដណាស់ថានឹងក្លាយជាកីឡាករល្អនៅពេលអនាគត) ដែលជារួមទៅ ពួកគេគឺល្អបំផុតនៅក្នុងអាយុប៉ុណ្ណេះ ហើយវានឹងធ្វើឲ្យការប្រកួតទល់នឹងព្រៃវែងកាន់តែជក់ចិត្ត។ យើងត្រូវចងចាំថា​ ពួកគេគឺជាចំណែកមួយនៃ វិសាខា ដូច្នេះមានន័យថាយុវជនទាំងនោះគឺផ្នែកមួយនៃភាពជោគជ័យយ៉ាងធំធេងនៃគម្រោងវិនិយោគលើបាល់ទាត់របស់ពួកគេ។ ខ្ញុំរីករាយដែលលេងការប្រកួតនេះ ហើយព្រៃវែងនេះនឹងជាគូប្រកួតដ៏ល្អមួយដែលដែលត្រូវជួបក្នុងវគ្គ ១៦ក្រុមនេះ»។

Please give it a thumbs up

Get the latest information