ពានរង្វាន់សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន លើកទី ១៤ ឆ្នាំ ២០២០ (ថ្នាក់ជាតិ) នឹងត្រឡប់មកជាថ្មីនៅថ្ងៃ ១២ ខែសីហា ខាងមុខនេះ ខណៈក្រុមអង្គរថាយហ្គឺរនឹងត្រូវបើកទ្វារកីឡាករ អេស អ យូ លេងតទល់នឹងខេត្តព្រៃវែង ក្នងវគ្គ ១៦ក្រុមចុងក្រោយ។
ទន្នឹមគ្នានេះផងដែរ ខ្សែការពារវ័យក្មេងរបស់អង្គរថាយហ្គឺរ កីឡារករ ចាន់ ហួង បានបង្ហាញពីការអបអរសាទរចំពោះគូប្រកួតរបស់ខ្លួន ដែលជាក្រុមទើបឈ្នះពាន ហ៊ុន សែន ខាប់ ថ្នាក់ខេត្ត ថ្វីបើខេត្តព្រៃវៃង គឺជាភាគីដែលនឹងត្រូវលេងតទល់នៅថ្ងៃស្អែកក្ដី ដោយបានលើកឡើងថា «ជាដំបូងខ្ញុំសូមអបអរដល់ក្រុមពួកគាត់ (ខេត្តព្រៃវែង) ដែលជាក្រុមមួយដែលមានសម្ថភាពខ្ពស់ សាកសមនឹងក្លាយជាជើងឯកពានសម្ដេចថ្នាក់ខេត្ត។ ពួកគាត់ជាកីឡាករវ័យក្មេង ដែលមានស្ដង់ដារ ទាំងហ្វឹកហាត់នឹងការថែរក្សាសុខភាពផ្សេងៗ អញ្ចឹងពួកគាត់គឺសាកសមនឹងទទួលពាននោះ»។
បកមកកាន់ការប្រកួតនៅថ្ងៃស្អែកនេះវិញ ចាន់ ហួង បាននិយាយថា «ក្រុមរបស់យើងមានការរៀបចំត្រៀមខ្លួនបានល្អ ចំណែកគ្រូបង្វឹកក៏បានណែនាំនិងផ្ដល់យុទ្ធសាស្រ្តមួយចំនួនផងដែរ។ បើនិយាយពីបាល់ទាត់ ភាពពិបាកនិងងាយស្រួលគឺវាអាស្រ័យលើការធ្វើការជាក្រុម បើយើងសហការគ្នាល្អ យើងនឹងទទួលជ័យជម្នះ តែបើធ្វើមិនបានល្អទេលទ្ធផលនឹងមានភាពតឹងតែង»។
កីឡាករវ័យ ១៨ឆ្នាំរូបនេះបានសង្កត់ធ្ងន់ថា «ពួកយើងមិនបានមើលស្រាលដល់គូប្រកួតនោះទេ ព្រោះពួកគេជាក្រុមដែលមានកម្រិតលេងខ្ពស់ និងការហ្វឹកហាត់ទៀងទាត់ ហើយជារៀងរាល់គ្រប់ការប្រកួត គឺយើងតែងតែអោយតម្លៃដល់គូប្រកួតរបស់យើងជានិច្ច»។
បកទៅកាន់ការបរាជ័យប៉ុន្មានប្រកួតចុងក្រោយនៅលីគវិញ ចាន់ ហួង បានថ្លែងថា «យើងទទួលស្គាល់ថាយើងធ្វើមិនបានល្អនូវប្រកួតកន្លងមក ប៉ុន្តែខ្ញុំគិតថាវានឹងមិនជះឥទ្ធិពលអាក្រក់មកលើអារម្មណ៍កីឡាករសម្រាប់ការប្រកួតថ្ងៃស្អែកនេះទេ។ ក្នុងនាមជាកីឡាករ ប្រសិនបើយើងរវល់តែគិតអំពីរឿងមិនល្អដែលបានកើតឡើងរួចហើយនោះ វានឹងធ្វើឲ្យប៉ះប៉ាល់ដល់ការប្រកួតខាងមុខ»។
អត្ថបទ៖ ស៊ុន រក្សា
RECOMMEND
Please give it a thumbs up
Get the latest information