ការប្រកួត Metfone Cambodian League ឆ្នាំ ២០២០ ជើងទី១ បានបញ្ចប់ជាស្ថាពរ ដែលជាលទ្ធផល ក្រុមអង្គរថាយហ្គឺរ ស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ៧។ ជាមួយនឹងកំណែរូបមន្តថ្មីនៃលីគកំពូលកម្ពុជា (ដោយសារបញ្ហា កូវីដ១៩)  ក្រុមខ្លាទឹកក្រូចមិនបានឡើងទៅប្រជែងក្នុងតំបន់កំពូលទាំង ៦ ដើម្បីជម្រើសយកជើងឯកឡើយ។

ប៉ុន្តែទោះជាយ៉ាងនេះក្ដី ថាយហ្គឺរ នៅសល់ ៦ប្រកួតបន្តទៀតមុនរដូវ ២០២០ នឹងត្រូវបញ្ចប់។ ពាក់ព័ន្ធនឹងការប្រកួតលីគកំពូលជើងទី២ នេះ គ្រូបង្វឹកលោក Oriol ក៏បានបង្ហាញមតិខ្លះៗ ក៏ដូចជាជជែកអំពីការត្រៀមខ្លួនសម្រាប់ការប្រកួតបន្ទាប់ៗ ទោះជារូបមន្តលីគត្រូវបានផ្លាស់ប្ដូរក៏ដោយ ដោយបានមានប្រសាសន៍ថា «ជាការពិតណាស់ ពួកយើងសោកស្ដាយដែលឃើញការប្រកួតលីគជើងទី២នេះ ត្រូវបានផ្លាស់ប្ដូររូបមន្តនៅពាក់កណ្ដាលផ្លូវ ដោយសារតែផលវិបាកពីកូវិដ១៩ ហើយការរៀបចំថ្មីនេះមានការបែកចែកយ់ាងធំរវាង ៦ក្រុម និង ៧ក្រុម»

«ប្រសិនបើយើងមើលតាមភាពជាក់ស្ដែង យើងត្រូវចងចាំថា យើងបានបញ្ចប់ជើងទី១ ដោយមានគម្លាតពិន្ទុពីក្រុមចំណាត់ថ្នាក់លេខ៣​ ត្រឹមតែ​ ២ពិន្ទុប៉ុណ្ណោះក្នុងតារាង ដែលមានន័យថាលទ្ធផលអាចល្អប្រសើរ តែមិនអាក្រក់ពេកនោះទេ»។

លោកបានបន្តថា «ប៉ុន្តែការពិតនោះគឺថា បច្ចុប្បន្នយើងនឹងត្រូវលេងនៅក្នុងរូបមន្តកាត់បន្ថយក្រុមជាមួយនឹងក្រុម ៦ផ្សេងទៀតដែលនៅក្រោមយើងក្នុងតារាង។ ខ្ញុំតែងតែមានការគោរពចំពោះគ្រប់ការប្រកួត គ្រប់លក្ខខណ្ឌទាំងអស់ ហើយជាពិសេសគឺខ្ញុំមានការគោរពទៅលើគូប្រកួតទាំងអស់ក្នុងអាជីពបាល់ទាត់នេះ»។

Oriol បានសង្កត់ធ្ងន់ថា «ការស្រឡាញ់ ការលះបង់ និងទឹកចិត្តរបស់ខ្ញុំ គឺមានតែកើនឡើងខ្លាំងជាងមុន ទោះបីជាមានអ្វីថ្មីក៏ដោយ យើងត្រូវតែធ្វើឲ្យបានប្រសើរ ធ្វើឲ្យប្រសើរនិងកែប្រែឲ្យល្អ។ ដូច្នេះការប្រកួតទាំង ៦ដែលនៅសល់ គឺជាឳកាសមួយទៀតដើម្បីកែលម្អ និងបង្ហាញពីខ្លួនយើង»។

គួរបញ្ជាក់ផងដែរថាការប្រកួត Metfone Cambodian League ឆ្នាំ ២០២០ ជើងទី២ ដំបូងរបស់ក្រុមអង្គរថាយហ្គឺរ និងត្រូវលេងទល់នឹងក្រុម អគ្គស្នងការនគរបាលជាតិ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ៥ ខែ កញ្ញា ខាងមុខនេះ នៅកីឡដ្ឋាន អេស អ យូ

អត្ថបទដោយ៖ ស៊ុន​ រក្សា

Please give it a thumbs up

Get the latest information