ការប្រកួត Metfone Cambodian League នឹងមកដល់សារជាថ្មីនាពេលឆាប់ៗខាងមុខនេះ ខណៈដែលនៅក្នុងជុំទី២នេះ គឺមានការប្រែប្រួលរូបមន្តនៃការជម្រើសជើងឯង ដោយក្រោយពីបញ្ចប់ការប្រកួតលីគជុំទី ១ ក្រុមដែលមានពិន្ទុខ្ពស់ស្ថិតក្នុងតំបន់ Top 6 នឹងបន្តទៅប្រជែងយកពានរង្វាន់ ចំណែកឯ ៧ក្រុមផ្សេងទៀតដែលអស់ឳកាស នឹងត្រូវលេងប្រកួតដែលនៅសេសសល់រហូតដល់ចប់រដូវកាល។
ជុំវិញបញ្ហានេះ កីឡាករខ្សែបម្រើ ពៅ ភារិទ្ធ បានលើកឡើងថា «នៅការប្រកួតលីគជុំទី២នេះ ការដែលយើងមិនបានប៉ះក្រុមខ្លាំងៗនៅក្នុង Top6 នេះ គឺខ្ញុំយល់ថាយើងនឹងលេងដោយមិនសូវមានសម្ពាធខ្លាំងដូចមុន ហើយចំណែកកីឡាករដែលមិនទាន់បានបង្ហាញសមត្ថភាពកាលពីជើងទីមួយ ពួកគាត់នឹងទទួលបានឳកាសលេងច្រើនជាងមុន ជាពិសេសគឺកីឡាករយុវជនក្មេងៗដែលពុំសូវបានបង្ហាញខ្លួននៅលើទីលានប្រកួត»។
គួររំលឹកផងដែរថា នៅថ្ងៃទី ០៥ ខែ កញ្ញា ខាងមុខនេះ ក្រុមខ្លាទឹកក្រូច នឹងបើទ្វារកីឡដ្ឋានស្វាគមន៍ក្រុម នគរបាលជាតិ ដែលនឹងជាការប្រកួតដំបូងនៃជុំទី២ MCL 2020 ។ ជាមួយគ្នានេះដែរ កីឡាករពូកែសុទ្ធគ្រាប់បាល់ចម្ងាយឆ្ងាយ ពៅ ភារិទ្ធ រូបនេះក៏បានថ្លែងបន្តថា «ក្រុមទាំងមូលមានការត្រៀមខ្លួនរួចជាស្រេច ដូចជាផ្នែកកម្លាំង និងកាយសម្បទាជាដើម ប៉ុន្តែយើងនៅតែមានផលវិបាកតិចតួចដែរ ដែលកីឡាករបរទេសពីររូបបានចាកចេញ ដែលសុទ្ធសឹងតែជាខ្សែប្រយុទ្ធល្អៗ»។
អត្ថបទដោយ៖ ស៊ុន រក្សា
RECOMMEND
Please give it a thumbs up
Get the latest information