សប្ដាហ៍ទីបី នៃលីគកំពូលកម្ពុជារបស់ក្រុម អង្គរថាយហ្គឺរ ទល់នឹងក្រុម Tiffy Army កាលពីថ្ងៃទី ០១ ខែ មេសា ឆ្នាំ ២០២១ បានបញ្ចប់ទៅគួរជាទីពេញចិត្តសម្រាប់ក្រុមម្ចាស់ផ្ទះខ្លាទឹកក្រូច ក្នុងលទ្ធផល ៣ ទល់នឹង ២។ ក្រោយការប្រកួតដ៏តានតឹងមួយនេះ គ្រូបង្វឹកលោក Oriol Segura ក៏បានមានប្រសាសន៍ខ្លះៗទាក់ទងនឹងជំនួបនេះ ដោយថ្លែងថា៖ «យើងបានលេងការប្រកួតដ៏សំខាន់ទល់នឹងក្រុមមួយ ដែលជារៀងរាល់ឆ្នាំតែងតែប្រយុទ្ធយកចំណាត់ថ្នាក់កំពូលក្នុងលីក។ យើងដឹងពីភាពគ្រោះថ្នាក់របស់ពួកគេ ហើយយើងប្រឈមមុខនឹងពួកគេ។ យើងស្ថិតក្នុងស្ថានភាពនិងរបៀបលេងដ៏អស្ចារ្យ នៅ ៤៥នាទីដំបូង ដោយមានការគ្របគ្រងបាល់យ៉ាងច្រើន និងរកបាន ៣គ្រាប់នាំមុខដ៏សំខាន់។
លោកបន្តថា៖ «ក្នុងពេលដែលកំពុងនាំមុខ ៣ ទល់នឹង ០ វាក៏ជាពេលមួយដែលយើងត្រូវមានទំនួលខុសត្រូវទាំងផ្នែកស្មារតី និងកម្លាំង ហើយមិនត្រូវបាត់បង់ការតាំងអារម្មណ៍ តែជាសំណាងអាក្រក់ យើងរបូត ២គ្រាប់ជាប់ៗគ្នា ដែលបង្ហាញឲ្យឃើញថា យើងមានចំណុចត្រូវកែប្រែដូចជាភាពរឹងមាំ និងការតាំងចិត្តប្រកួតប្រជែង»។
«យើងប្រឹងប្រែងយ៉ាងខ្លាំងដោយមិនឲ្យបរាជ័យក្នុងការប្រកួតដែលយើងសាកសមនឹងទទួលជ័យជម្នះ ហើយនៅវគ្គទីពីរ យើងត្រឡប់មកវិញដោយភាពព្យាយាមលះបង់ និងផ្ដោតអារម្មណ៍ជាទីបំផុត។ យើងនៅតែមានឱកាសល្អខ្លះៗក្នុងការទាត់បញ្ចូលទីថែមទៀត ហើយយើងក៏បានបន្ថែមនូវភាពរឹងម៉ាំផ្នែកការពារនៅនាទីចុងក្រោយ ដើម្បីធានាជ័យជម្នះ។ នៅទីបំផុតយើងយកបាន ៣ពិន្ទុ»។
លោកសង្កត់ធ្ងន់ថា៖ «ខ្ញុំមានការគោរពចំពោះក្រុម ទ័ព ដែលមិនបោះបង់ ហើយឥឡូវយើងផ្ដោតលើការប្រកួតបន្ទាប់ ទល់នឹងក្រុម នគរបាលជាតិ និងព្យាយាមកែកំហុសដែលយើងមាន»។
គួរជម្រាបផងដែរថា ឆ្លងកាត់បីប្រកួតដំបូងក្នុងលីគ អង្គរថាយហ្គឺររកបាន ៧ពិន្ទុ ឈរលើកំពូលតារាងបណ្ដោះអាសន្ន ចំណែកការប្រកួតបន្ទាប់នឹងត្រូវប៉ះ នគរបាលជាតិ នៅថ្ងៃទី ០៧ ខែ មេសា។
RECOMMEND
Please give it a thumbs up
Get the latest information