ការប្រកួតពានរង្វាន់ មិត្តហ្វូន ខេមបូឌាន លីគ បានត្រឡប់មកវិញសារជាថ្មី ខណៈក្រុមបាល់ទាត់ អង្គរថាយហ្គឺរ និងត្រូវប្រកួតជាមួយក្រុមការពារតំណែងជើងឯក បឹងកេត នៅថ្ងៃទី ២៣ ខែ ឧសភា។ ជាមួយគ្នានេះផងដែរ កីឡាករសម្បូរបទពិសោធន៍ Kosuke Uchida ក៏បាននិយាយខ្លះៗ ទាក់ទងទៅនឹងការប្រកួតនេះផងដែរ ដោយបានលើកឡើងថា «ខ្ញុំពិតជារីករាយដែលបានលេងទល់នឹងក្រុម បឹងកេត ម្ដងទៀត ក្នុងនាមជាកីឡាកររបស់ អង្គរថាយហ្គឺរ»។
«វាប្រហែលជាការចាប់ផ្ដើមមិនល្អរបស់ពួកគេ ប៉ុន្តែជាការពិតណាស់ ពួកគេនៅតែជាក្រុមដ៏ល្អមួយដែលគ្រប់គ្នាតែងស្កាល់។ ពួកយើងកំពុងផ្ដោតលើខ្លួនយើងផ្ទាល់នូវអ្វីដែលពួកយើងត្រូវធ្វើ ហើយពួកយើងរៀបចំបានល្អ។» Kosuke និយាយដូច្នេះ
កីឡាករសញ្ជាតិជប៉ុនបន្តថា «យើងត្រូវតែលេងឲ្យអស់ពីសម្ថភាពនៅលើទីលាន ដើម្បីទទួលជ័យជម្នះ។ ជាចុងក្រោយខ្ញុំចង់អរគុណទៅដល់អ្នកគ្រប់គ្នាដែលគាំទ្រពួកយើង។ ពួកយើងពិតជារីករាយដែលអាចលេងបាល់ទាត់ក្នុងស្ថានភាពដ៏លំបាកនេះបាន។»
គួររំលឹកផងដែរថា ក្រុមបាល់ទាត់បឹងកេត គឺជាក្រុមរបស់លីគកំពូលកម្ពុជាដំបូងគេដែល Kosuke Uchida ធ្លាប់បានលេងទល់ជាមួយ ពោលគឺនៅពេលរូបលោកកំពុងស្ថិតនៅក្រុម Lanexang United។
RECOMMEND
Please give it a thumbs up
Get the latest information