នៅថ្ងៃ អាទិត្យ ទី​​ ១២ សប្ដាហ៍នេះ ក្រុមបាល់ទាត់ អង្គរថាយហ្គឺរ នឹងត្រូវបើកទ្វារកីឡដ្ឋាន អេស អ យូ ទទួលស្វាគមន៍ក្រុម ភ្នំពេញក្រោន ក្នុងការប្រកួតលីគ សប្ដាហ៍ទី ១២។

ថ្លែងពីចំណាប់អារម្មណ៍នៃជំនួបដ៏ធំមួយនេះ គ្រូបង្វឹកក្រុមខ្លាទឹកក្រូច Oriol Segura បានលើកឡើងតាមរយ:សន្និសីទសារព័ត៌មានថា៖ “ជាការពិតណាស់ នេះគឺជាការប្រកួតមួយដែលសំខាន់បំផុតក្នុងហេតុផលជាច្រើន ទីមួយគឺ នេះជាការប្រកួតកាត់សេចក្ដីជុំទីមួយ និងរកឃើញលំដាប់លំដោយនៃក្រុមដែលយើងត្រូវលេងជាមួយនៅជុំបន្ទាប់។ ទីពីរគឺ ពីព្រោះយើងលេងទល់នឹងក្រុមដ៏ល្អមួយនៅក្នុងលីគ និងទីបីគឺពួកយើងចង់ស្ដារលទ្ធផលល្អមកវិញ ខណៈការប្រកួតប៉ុន្មានលើកចុងក្រោយហាក់មិនសូវធ្វើបានល្អ”។

ទាក់ទងទៅនឹងការប្រកួតប៉ុន្មានសប្ដាហ៍កន្លងទៅ លោកបានបន្តថា “យើងមាន ៧ប្រកួតនៅដើមរដូវកាលដែលស្ទើរតែល្អឥតខ្ចោះ​ បន្ទាប់មកយើងក៏ជួបបញ្ហានិងផលលំបាកជាបន្តបន្ទាប់។ អ្វីដែលយើងអាចធ្វើបានពេលនេះគឺត្រូវស្វែងរកអារម្មណ៍ និងយុទ្ធសាស្រ្តដែលធ្វើអោយក្រុមត្រៀមខ្លួនរួចរាល់ដើម្បីជ័យជន្នះ។ នេះគឺជាដំណើរការនៃការប៉ះប៉ូវមកវិញនូវភាពអវិជ្ជមានដែលបានកើតមានឡើងពីពេលកន្លងទៅ។ យើងនឹងផ្លាស់ប្ដូរ និងកែប្រែ។ ទាក់ទងនឹងការរៀបចំត្រៀមខ្លួនសម្រាប់ការប្រកួត យើងអាចទាយបានថាវានឹងក្លាយជាការប្រកួតដ៏គួរឲ្យចាប់អារម្មណ៍មួយ ដែលយើងនឹងលេងទល់នឹងក្រុមដែលចូលចិត្តគ្របគ្រងបាល់ និងបង្កើតឱកាស។ យើងនឹងប្រឹងប្រែងចំណុចខ្លាំងរបស់យើង”។

ពាក់ព័ន្ធជាមួយនឹងកីឡាករសញ្ជាតិ កូឡុំប៊ី Adres Nieto ដែលបង្ហាញពីភាពលេចធ្លោរបស់ខ្លួនក្នុងរដូវកាល ២០២១​ នេះ លោក Oriol បានសង្កត់ធ្ងន់ថា “ខ្ញុំមិនអាចផ្ដោតលើកីឡាករតែម្នាក់បានទេ។ ជាការពិត គេកំពុងស្ថិតក្នុងទម្រង់លេងដ៏អស្ចារ្យ ហើយជាកីឡាករដ៏មានទេពកោសល្យម្នាក់ក្នុងលីគ តែសម្រាប់យើងវិញ បញ្ហាគឺការលេងជាក្រុមរបស់ពួកគេ”។

គួររំលឹកផងដែរថា ការប្រកួតរវាងក្រុម អង្គរថាយហ្គឹរ ទល់នឹងក្រុម ភ្នំពេញក្រោន សប្ដាហ៍ទី​​​ ១២ នេះ នឹងជាការប្រកួតបិទបញ្ចប់ជើងទីមួយ នៃក្របខ័ណ្ឌ មិត្តហ្វូន ខេមបូឌាន លីគ ឆ្នាំ​ ២០២១ ក៏ដូចជាការប្រកួតកាត់សេចក្ដីស្វែងរកចំណាត់ថ្នាក់របស់ក្រុមកំពូលតារាង​ទាំង ៨ ផងដែរ។

Please give it a thumbs up

Get the latest information