ស្របតាមកាលវិភាគនៃការប្រកួតលីគកំពូលដ៏មមាញឺកក្នុងខែ កញ្ញា នេះ ក្លិបបាល់ទាត់អង្គរថាយហ្គឺរ បានធ្វើដំណើរមកដល់រាជធានាទីភ្នំពេញកាលពីថ្ងៃទី ២៥ ខែ កញ្ញា ម្សិលមិញនេះ ក្រោយពីទើបទទួលបានការអនុញ្ញាតពី រដ្ឋបាលខេត្តសៀមរាប។ ខេត្តសៀមរាប ដែលជាមូលដ្ឋានរបស់ក្រុមខ្លាទឹកក្រូច អង្គរថាយហ្គឺរ ត្រូវបានរដ្ឋបាលខេត្តសម្រេចកំណត់ជា “តំបន់ក្រហម” នៅក្នុងភូមិសាស្ត្រសង្កាត់ដែលក្រុមកីឡាករ និងបុគ្គលិកទាំងអស់របស់ក្លិបរស់នៅ ព្រមទាំងទីលានហ្វឹកហាត់ និង កីឡដ្ឋាន អេស អ យូ ផងដែរ។ ទន្ទឹមនឹងនេះ កីឡាករ ស្រាំង ទិត្យឈី បានបង្ហាញក្ដីបារម្ភចំពោះក្រុមទាំងមូល ដោយលើកឡើងថា “ការប្រកួតទល់នឹងភ្នំពេញក្រោននៅថ្ងៃនេះ ខ្ញុំគិតថាមានផលវិបាកខ្លាំងសម្រាប់យើង ដោយសារបញ្ហាបិទខ្ទប់ ធ្វើឲ្យយើងមិនបានប្រមូលផ្ដុំហ្វឹកហាត់ស្ទើរពេញមួយសប្ដាហ៍ចាប់តាំងពីត្រឡប់មកពីប្រកួតទល់នឹង ណាហ្កាវើលដ៍ វិញមកម្លេះ។ ខ្ញុំយល់ថាវាប៉ះពាល់ខ្លាំងដល់កម្លាំងកីឡាករ និងអាចងាយរងរបួសពេលប្រកួត ជាពិសេសទៅទៀតនោះគឺយើងបានបាត់បង់សមាជិកសំខាន់ៗជាច្រើន។”
ខ្សែការពារពាក់ស្លាកលេខ ៣ បន្តថា “ក្រុមទាំងមូលបានហ្វឹកហាត់ថ្ងៃដំបូងកាលពីម្សិលមិញនៅភ្នំេពញនេះ ដើម្បីត្រៀមសម្រាប់ការប្រកួតនៅថ្ងៃទី ២៩ ទល់នឹងក្រុមទ័ព តែវាគួរឲ្យភ្ញាក់ផ្អើលផងដែរ ពេលដែលយើងដឹងថាការប្រកួតទល់នឹងក្រោន គឺនឹងត្រូវលេងនៅថ្ងៃស្អែកតែម្ដង។ តែយ៉ាងណាក៏ដោយ ការប្រកួតនេះ ពួកយើងនឹងប្រយុទ្ធដល់ចប់ ៩០នាទី យើងនឹងខិតខំប្រឹងប្រែងឲ្យអស់ពីលទ្ធភាពតាមដែលអាចធ្វើបាន ដើម្បីបងប្អូនអ្នកគាំទ្រពួកយើងទាំងអស់ដែលនៅសៀមរាប”។
គួរបញ្ជាក់ផងដែរថាកីឡាករ ស្រាំង ទិត្យឈី ត្រូវបានរួចផុតពីការពិន័យព្យួរការប្រកួតនៅក្នុងសប្ដាហ៍នេះ។ រូបគេក៏បានសម្ដែងក្ដីរីករាយដែលអាចត្រឡប់មកជួយមិត្តរួមក្រុមវិញសារជាថ្មី និងបន្តលេងការប្រកួតដែលនៅសល់ក្នុងជើងទីពីរ ពានរង្វាន់ មិត្តហ្វូន ខេមបូឌាន លីគ ឆ្នាំ ២០២១រ។
RECOMMEND
Please give it a thumbs up
Get the latest information