ក្លិបបាល់ទាត់អង្គរថាយហ្គឺរ សូមប្រកាសដំណឹងជូនថា កីឡាករមកពីក្រុមឈុតយុវជនអាយុក្រោម ១៨ឆ្នាំអង្គរថាយហ្គឺរ ចំនួន ២រូប គឺ ភាព ចាន់ដាវីដ និង សុគ្រី សូហ្វាន ត្រូវបានតម្លើងមកក្រុមធំអង្គរថាយហ្គឺរ សម្រាប់រដូវកាល ២០២២ ខាងមុខនេះ។

ខាងក្រោមនេះគឺជាព័ត៌មានទូទៅអំពីកីឡាករទាំងពីររូប ដែលលោកអ្នកគួរដឹង៖

ភាព ចាន់ដាវីដ កើតនៅថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ២០០៤ (អាយុ ១៧ឆ្នាំ) លេងតំណែងជាខ្សែបម្រើ។ ដាវីដ ចូលរួមជាមួយអង្គរថាយហ្គឺរ តាំងពីឆ្នាំ ២០១៧ ដែលកាលនោះបានហ្វឹកហាត់ជាមួយក្រុមធំ មុនពេលអង្គរថាយហ្គឺរបង្កើតឈុតយុវជនថ្នាលរបស់ក្លិបនៅក្នុងឆ្នាំ ២០១៩ ទើបរូបគេចូលរួមជាមួយក្រុមយុវជនអាយុក្រោម ១៨ឆ្នាំ។ ដោយសារបញ្ហារបួស ដាវីដ បានសម្រាកពីបាល់ទាត់រយៈពេលមួយឆ្នាំ រហូតដល់ចុងរដូវកាល ២០២១ ក្រោយពីបានជាសះស្បើយពីរបួស ដាវីដ បានត្រឡប់មកកាន់ទីលានវិញ ហើយក៏ត្រូវបានអតីតគ្រូបង្វឹកលោក Oriol ជ្រើសរើសឲ្យចូលក្រុមធំក្នុងពានរង្វាន់ ហ៊ុន សែន ខាប់ រដូវកាល ២០២១ ផងដែរ។

ចំណែកឯ សុគ្រី សូហ្វាន កើតនៅថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០០៣ (អាយុ ១៨ឆ្នាំ) លេងតំណេងជាខ្សែបម្រើ។ រូបគេត្រូវបានជ្រើសរើសចូលក្រុមឈុតយុវជនអាយុក្រោម ១៨ឆ្នាំរបស់អង្គរថាយហ្គឺរ នៅក្នុងឆ្នាំ ២០២០ ពោលគឺលេងបានចំនួន ២រដូវកាល។ សូហ្វាន ធ្លាប់បានចូលរួមប្រកួតក្នុងពានរង្វាន់ជម្រើសជើងឯកជាតិអាយុក្រោម ១៨ឆ្នាំ និងបានរួមចំណែកយ៉ាងច្រើននៅក្នុងក្រុម U18នោះ។ ជាមួយគ្នានេះ សូហ្វាន ក៏ធ្លាប់ត្រូវបញ្ជូលឈ្មោះចូលរួមជាមួយក្រុមធំក្នុងពានរង្វាន់ ហ៊ុន សែន ខាប់ ២០២១ កន្លងទៅថ្មីៗនេះផងដែរ។

 

Please give it a thumbs up

Get the latest information