ការប្រកួតពានរង្វាន់ មិត្តហ្វូន ខេមបូឌាន លីគ ឆ្នាំ២០២០ និងពានរង្វាន់ ហ៊ុន សែន ខាប់ ២០២០ នៅតែបន្តផ្អាកជាបណ្តោះអាសន្នដដែល ត្បិតការសាយភាយនៃជម្ងឺ Covid-19 នៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្នមានភាពធូរស្បើយយ៉ាងណាក្ដី។ ជាមួយគ្នានេះដែរ ក្រុមបាល់ទាត់អង្គរថាយហ្គឺរ ក៏បានរំសាយការហ្វឹកហាត់ជាលក្ខណៈប្រមូលផ្ដុំដោយផ្ទាល់ ស្របតាមសេចក្ដីប្រកាសរបស់រាជរដ្ឋាភិបាល ហើយក្រុមបានសម្រេចជ្រើសយកមធ្យោបាយហ្វឹកហាត់ជាលក្ខណៈដាច់ដោយឡែកនៅតាមផ្ទះរៀងៗខ្លួនដោយមានការណែនាំត្រឹមត្រូវពីសំណាក់ក្រុមគ្រូបង្វឹកក្លិបតាមរយៈអនឡាញ។

ថ្លែងប្រាប់ក្រុមប្រព័ន្ធផ្សព្វផ្សាយរបស់ក្លិប គ្រូបង្វឹកលោក Oriol Segura បានសម្ដែងក្ដីព្រួយបារម្ភខ្លះៗអមជាមួយនឹងភាពជឿជាក់នៃការហ្វឹកហាត់បែបថ្មីនេះ ដោយលោកបានមានប្រសាសន៍ថា «ជាដំបូង អ្វីដែលខ្ញុំចង់ចាប់ផ្ដើមនិយាយគឺជាពេលវេលាមួយដែលគ្រូបង្វឹកបាល់ទាត់ទាំងអស់ព្យាយាមខ្លាំងបំផុតទៅលើវិធីសាស្រ្តហ្វឹកហាត់ និងទម្លាប់នៃការហ្វឹកហាត់ដែលយើងទាំងអស់គ្នាប្រើប្រាស់។ ការសាយភាយជាសកល [នៃជម្ងឺកូវីដ១៩] គឺជារឿងដ៏ថ្មីស្រឡាងមួយនិងមិនរំពឹងទុកនៅក្នុងជំនាន់របស់ពួកយើង ហើយគម្រោងនិងយុទ្ធសាស្រ្តនានាក្នុងពិភពបាល់ទាត់គឺត្រូវបានផ្លាស់ប្ដូរជាលក្ខណៈទ្រង់ទ្រាយធំ។ ក្នុងពេលនេះខ្ញុំគិតថាគ្រូបង្វឹកជាច្រើន (រួមទាំងមេដឹកនាំទាំងអស់ដែលចង់ផ្ដល់នូវគុណភាពល្អនៃការហ្វឹកហាត់ទោះបីមិនបានមានសកម្មភាពនៅជុំគ្នាដូចជាគ្រូបង្រៀនឬអ្នកផ្សេងទៀត) ត្រូវតែសម្របខ្លួនឲ្យបានលឿនបំផុត ហើយដែលសំខាន់នោះគឺត្រូវផ្លាស់ប្ដូរមធ្យោបាយនៃការហ្វឹកហាត់ឬបង្រៀន។ សម្រាប់អង្គរថាយហ្គឺរ យើងបានសម្រេចធ្វើការប្រមូលផ្ដុំហ្វឹកហាត់បែបអនឡាញ ហើយបើគិតមកទល់នឹងពេលនេះពួកយើងពេញចិត្តនឹងការធ្វើបែបនេះព្រោះកីឡាករគ្រប់រក្សារូបរាងបានល្អ ដោយមានការធ្វើលំហាត់ផ្នែករាងកាយយ៉ាងជាប់លាប់ដូចជាផ្នែកកម្លាំង ភាពអំណត់តស៊ូ និងភាពរហ័សរហួន។ ជាការពិតគ្រប់យ៉ាងគឺប្រសើរ ហើយសម្រាប់ខ្ញុំផ្ទាល់គឺមានទំនាក់ទំនងជិតស្និតជាមួយនឹងអ្នកអាជីពធំៗនៅអឺរ៉ុបពិភាក្សាអំពីលំហាត់ប្រាណល្អៗ។ យើងទាំងអស់គ្នាសុទ្ធតែយល់ស្របថាវាគឺល្អដែលធ្វើបែបនឹង តែយើងក៏ដឹងដែរថាវាមិនគួរបន្តឲ្យលើសពី ៣ ទៅ ៤ សប្ដាហ៍ឡើយ ខណៈដែលនៅក្នុងបាល់ទាត់ ការហ្វឹកហាត់កាយសម្បទាក៏ត្រូវការបាល់ផងដែរ»។

«កីឡាករត្រូវការពេលវេលាដើម្បីសម្របខ្លួនជាមួយនឹងបាល់ ហើយជាពិសេសគឺការលេងជាមួយគ្នាជាក្រុម។ ការគិតរបស់ខ្ញុំគឺថាការប្រកួតកំដៅសាច់ដុំមុនពេលបន្តរដូវកាលគឺត្រូវការជាចាំបាច់ ហើយសម្ថភាពក្នុងខ្លួនកីឡាករនឹងកើនឡើងមកវិញ»។ លោក Oriol បានបន្តដូច្នេះ។

ទន្ទឹមគ្នានេះដែរគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះក៏បានបង្ហាញពីអារម្មណ៍របស់ខ្លួនក្រោយខកខានការប្រកួតអស់រយៈពេលជាយូរខែមកនេះ ដោយលើកឡើងថា «និយាយដោយស្មោះត្រង់ទៅ នេះជាពេលដែលសោកសៅនិងលំបាកបំផុតក្នុងអាជីពមួយនេះ ប៉ុន្តែក៏ជាការធ្វើតេស្តមួយដើម្បីឲ្យឃើញពីចំណុចខ្លាំងរបស់ក្រុមនិងរបស់ខ្ញុំ និងភាពជាអ្នកអាជីពនៃបាល់ទាត់។ មកទល់នឹងពេលនេះ មនុស្សជុំវិញពិភពលោកកំពុងព្យាយាមជម្នះ ខ្ញុំនៅតែរក្សាការគោរពនិងឈរលើភាពវិជ្ជមាន ហើយចំពោះរឿងគ្រប់យ៉ាងនឹងត្រឡប់ទៅប្រសើរឡើងប្រសិនបើយើងមានសកម្មភាពសមរម្យ។ យើងមិនអាចរស់ដោយគ្មានបាល់ទាត់ ប៉ុន្តែយើងដឹង ហើយយើងនឹងប្រយុទ្ធប្រឆាំងវាដើម្បីឲ្យបាល់ទាត់ត្រឡប់មកវិញក្នុងពេលឆាប់ៗនេះ»។

ទាំងនេះអ្វីដែលគ្រូបង្វឹកលោក Oriol Segura បានរៀបរាប់ទាំងស្រុងទាក់ទងនឹងការហ្វឹកហាត់ររបស់ក្រុមក្នុងអំឡុងពេលសមាជិកទាំងអស់មិនត្រូវបានមកជួបជុំគ្នាដោយសារវិបត្តិ Covid-19។

អត្ថបទ៖ ស៊ុន រក្សា​

Please give it a thumbs up

Get the latest information