ការប្រកួតលីគកំពូល មិត្តហ្វូន ខេមបូឌាន លីក សប្ដាហ៍ទី ៨ របស់ក្រុមបាល់ទាត់អង្គរថាយហ្គឺរ នឹងត្រូវលេងទល់នឹងក្រុម អាស៊ីអឺរ៉ុប យូណាយធីត។ ខណៈការប្រកួតជិតមកដល់ កីឡាករអ្នកចាំទី យី ប៊ុនហេង បានលើកឡើងអំពីគូប្រកួតយ៉ាងដូច្នេះថា «សម្រាប់ការប្រកួតសប្ដាហ៍ទី ៨ នេះ គឺជាការប្រកួតមួយដ៏សំខាន់ដើម្បីរក្សាចំណាត់ថ្នាក់ Top 6 និងអាចឡើងចំណាត់ថ្នាក់បន្ថែមទៀត ហើយបើនិយាយពីលទ្ធភាពក្នុងយកឈ្នះលើ អាស៊ីអឺរ៉ុប គឺខ្ញុំមិនទាន់អាចនិយាយបានឡើយ វាអាស្រ័យលើការរៀបចំក្រុមរបស់ពួកយើង ហើយយើងនឹងដឹងលទ្ធផលក្រោយចប់ ៩០នាទី។ តែយ៉ាងណាពួកយើងនឹងខំឲ្យអស់ពីលទ្ធភាព ហើយខ្ញុំក៏ត្រូវការ Clean Sheet ផងដែរ»។

គួររំលឹកថាក្រោយពីលីគកំពូលបានបើកបន្តឡើងវិញ ក្រុមអង្គរថាយហ្គឺរ ទទួលលទ្ធផលហាក់មិនសូវសមប្រកប ដែលចំណុចនេះ ប៊ុនហេង បានបន្ថែមថា «ចំពោះ ២ប្រកួតចុងក្រោយនេះ គឺជាការប្រកួតដែលលីគទើបនឹងត្រឡប់មកវិញ ក្រោយខកខានជាច្រើនសប្ដាហ៍មកនេះ​ ដែលខ្ញុំយល់ថាជាកត្តាមួយធ្វើឲ្យក្រុមហាក់លេងមិនសូវយល់ចិត្តគ្នា តែឥឡូវវាបានប្រសើរឡើងច្រើន។ ណាមួយនៅពេលដែលក្រុមអវត្តមានកីឡាករសំខាន់អញ្ចឹងវាធ្វើឲ្យមានភាពចន្លោះប្រហោងខ្លះ»។

កីឡាករពាក់ស្លាកលេខ ២៦ រូបនេះសង្កត់ធ្ងន់ថា «ក្រុមពួកយើងនៅតែជាក្រុមប្រជែងពាន ព្រោះថាគម្លាតពិន្ទុគឺមិនទាន់ដាច់ឆ្ងាយនៅឡើយទេ ហើយបើយើងឈ្នះប្រកួតសប្ដាហ៍នេះទៀត យើងនឹងមានឪកាសឡើងចំណាត់ថ្នាក់បន្តទៀត អញ្ចឹងការប្រជែងគឺកាន់តែខ្លាំងជាងមុនទៀត»។

សូមបញ្ជាក់ផងដែរថា ការប្រកួតទល់នឹង អាស៊ីអឺរ៉ុប​ យូណាយធីត គឺនឹងធ្វើឡើង នៅក្នុងទឹកដី អេ អ៊ី យូ ស្ពតផាក រាជធានីភ្នំពេញ ដោយមិនអនុញ្ញាតឲ្យមានអ្នកគាំទ្រទស្សនាក្នុងកីឡដ្ឋានឡើយ ដែលស្របទៅតាមគោលការណ៍របស់សហព័ន្ធបាល់ទាត់កម្ពុជា និងរាជរដ្ឋាភិបាល។

អត្ថបទ៖ ស៊ុន រក្សា

Please give it a thumbs up

Get the latest information